ភ្នំភ្លើងបាទូ កោះបាលី - Explore Mount Batur Bali Island
[ អរុណរះពីលើភ្នំភ្លើងបាទូ ] |
ការដើរឡើងភ្នំភ្លើងនេះយើងត្រូវភ្ញាក់តាំងពីម៉ោង១ ព្រឹក ដើម្បីរៀបចំខ្លួន ក៏ដូចជាធ្វើដំណើរទៅកាន់ជើងភ្នំ ការដើរឡើងភ្នំត្រូវចំណាយពេលប្រហែល ២ ម៉ោង កន្លះ ដោយថ្មើរជើង និងត្រូវទៅដល់គោលដៅអោយបានមុនព្រះអាទិត្យរះ ការដើរឡើងភ្នំពុំមានពន្លឺគ្រប់គ្រាន់ដើម្បីមើលឃើញផ្លូវទេ ត្រូវដើរតាមអ្នកនាំផ្លូវនៃក្រុមនីមួយៗ ដូចនេះយើងអាចមើលឃើញពន្លឺភ្លើងពិលភ្លឺតិចពីជើងភ្នំ ដល់ចង្កះភ្នំ បើងើយឡើងលើយើងអាចមើលឃើញផ្កាយពាលពេញមេឃ អបដំណើរយើងទាំងអស់គ្នា ។
បន្ទាប់ពីចំណាយពេលប្រហែល ២ ម៉ោងកន្លះ យើងបានមកដល់កំពូលភ្នំ ពន្លឺព្រះអាទិត្យអរុណរះក៏ចាប់ផ្តើមបន្តិចម្តងៗ ផ្ទៃមេឃមានពណ៌មាសទឹកក្រូច ចាំងទៅលើផ្ទៃសមុទ្រ ជាមួយទេសភាពភ្នំមួយទៀតដែលនៅជាប់ផ្ទៃទឹក ពេលនោះអារម្មណ៍ហត់ អារម្មណ៍ហេវ អារម្មណ៍ចុកជើក មិនដឹងជាបាត់ទៅណាអស់ តែបែជាមានអារម្មណ៍ថាខ្លួនឯងបានធ្វើអ្វីមួយសម្រេចក្នុងជីវិតដែលមិនធ្លាប់បានធ្វើពីមុនមក មានអារម្មណ៍ថាលែងចង់អង្គុយចុះ មានអារម្មណ៍ចង់លោត ចង់ស្រែក អារម្មណ៍យំរំភើប និងរត់អោបមនុស្សនៅជុំវិញខ្លួនឯងដោយសេចក្តីសប្បាយរីករាយ ដែលបានមកឃើញទេសភាពទាំងនេះ ដោយការមិនចុះចាញ់ឬ ចង់ឈប់កណ្តាលផ្លូវ អ្វីដែលអស្ចារ្យ និងមិនធ្លាប់បានឃើញទៀតនោះ គឺបើក្រលេកខាងក្រោយខ្នងបន្តិចនៃភ្នំគឺ យើងអាចឃើញរូងភ្នំដែលមាន ផ្សែងចេញពីភ្នំភ្លើងតិចៗ ព្រោះភ្នំដែលយើងកំពុងនៅលើនេះជាភ្នំភ្លើងរស់ ។
ការឡើងភ្នំបានផ្តល់បទពិសោធន៍អោយខ្ញុំជាច្រើន បើពេលនោះមេឃភ្លឺហើយមើលឃើញផ្លូវ ប្រហែលជាដូរចិត្តមិនឡើងវិញ ប្រៀបដូចជាការធ្វើកិច្ចការអ្វីមួយដែលយើងមិនបានផ្តោតអារម្មណ៍ទៅលើឧបសគ្គដែលកើតមាន ដើរមួយជំហ៊ានគិតមួយជំហ៊ាន ជួបបញ្ហាក៏ដោះស្រាយ បើហត់ក៏ឈប់សម្រាកបន្តិច រួចដើរទៅមុខទៀត រាល់កិច្ចការអាអ្វីមួយដែលយើងចង់ធ្វើ ត្រូវតែធ្វើភ្លាមៗ ទោះខុស ឬត្រូវ ជោគជ័យ ឬបរាជ័យ ទាំងនោះវាជាការពិត ជាបទពិសោធន៍ពិត វាមិនមែនជាក្តីសុបិន ឬគ្រាន់តែជាគម្រោងទៀតទេ ។ តាមពិតកោះបាលីមានអាអ្វីច្រើនៗជាងយើងគិត ហើយបើបានទៅហើយ និងមានអារម្មណ៍ស្រស់ថ្លាជាមួយអាអ្វីគ្រប់យ៉ាងនៅទីនោះ ទាំងទេសភាពសមុទ្រ ភ្នំភ្លើង ព្រៃឈើ ទឹកជ្រោះ វាលស្រែដែលមានភាពប្លែកដាច់ពីគេពីកន្លែងផ្សេងៗ ហើយក៏ដូចជាជំនឿ សាសនា វប្បធម៌នៃប្រជាជនដែលជាជនជាតិដើមលើកោះ ព្រោះពួកគាត់ពិតជាមាន ផ្នត់គំនិត និងជំនឿខ្លាំងទៅលើសាសនា វប្បធម៌របស់ពួកគាត់ ដូចនេះការប្រតិបត្តិតាមសាសនាយ៉ាងខ្ជាប់ខ្ជួនគឺជាទំលាប់ដ៏ល្អមួយសម្រាប់ជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅលើកោះបាលី ដែលទាំងនេះបង្កើតបានជាទសនី៍យភាពយ៉ាងកម្រនៅជុំវិញកោះប្រសិទ្ធនេះទាំងមូល។
0 comments: